CEO ដែលដឹកនាំក្រុមហ៊ុនបានល្អជាងគេលើពិភពលោក - jut

Breaking

Post Top Ad

Post Top Ad


 http://www.qualitybizconsulting.com/


CEO ដែលដឹកនាំក្រុមហ៊ុនបានល្អជាងគេលើពិភពលោក

Jeff Bezos គឺជាអ្នកវិនិយោគ ជាសហគ្រិន និងជាស្ថាបនិក Amazon.com ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងទិញ លក់ផលិតផលអនឡាញដ៏ល្បី​ជាងគេលើពិភពលោក។ ស្ថាបនិកសញ្ជាតិអាមេរិករូបនេះ បានកើតនៅក្នុងឆ្នាំ១៩៦៤ និងបានរស់នៅក្នុងរដ្ឋ Texas អស់រយៈពេលជាច្រើនឆ្នាំ។
មហាសេដ្ឋីពាន់លានដុល្លារអាមេរិកលំដាប់ថ្នាក់លេខ ២ លើលោករូបនេះ ត្រូវបាន Harvard Business Review Staff ចាត់ចូលជានាយកប្រតិបត្តិ​ក្រុមហ៊ុន (CEO) ដែលដឹកនាំក្រុមហ៊ុនបានល្អបំផុតលើពិភពលោក ក្នុងចំណោម CEO ល្បីល្បាញលំដាប់ថ្នាក់ពិភពលោកទាំង១០០នាក់។
ដើម្បីក្លាយខ្លួនជា CEO ឆ្នើមដែលដឹកនាំក្រុមហ៊ុនមួយបានល្អ ទាមទារនូវលក្ខណៈសម្បត្តិជាច្រើន គួបផ្សំជាមួយសមត្ថភាព និងជំនាញក្នុងការដឹកនាំជាច្រើន​ផ្សេងទៀតរួមបញ្ចូលគ្នា ទើបអាចនាំនាវាក្រុមហ៊ុនទៅរកភាពជោគជ័យបាន។ កត្តាទាំងអស់នេះហើយជាផលលំបាក និងជាមូលហេតុដែលក្រុមហ៊ុនភាគច្រើន​ត្រូវដួលរលំក្រោយពីបើដំណើរការបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែ CEO មិនមានសមត្ថភាពគ្រប់គ្រាន់។
ប៉ុន្តែសម្រាប់លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO ក្រុមហ៊ុន Amazon លោកមានសមត្ថភាពក្នុងការដឹកនាំប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រវែងឆ្ងាយ មានគម្រោងរៀបចំសម្រាប់រយៈពេលវែង និងច្បាស់លាស់ ជាអ្នកវិនិយោគដែលចេះបត់បែនឆាប់រហ័ស និងត្រឹមត្រូវ។ លើសពីនេះទៅទៀត លោកមានសមត្ថភាពធ្វើឲ្យក្រុមហ៊ុនមានដំណើរការល្អ និងអាចធ្វើឲ្យបុគ្គលិក និងអតិថិជន ភ្ជាប់ទំនាក់ទំនងនឹងគ្នាបានយ៉ាងល្អ និងមានប្រសិទ្ធិភាពបំផុត។
CEO រូបនេះតែងតែធ្វើការលើកទឹកចិត្តដល់បុគ្គលិក ចែករំលែកនូវចំណេះ និងពន្យល់ពីចក្ខុវិស័យនៃការងារដែលលោកកំពុងតែនាំក្រុមហ៊ុនឆ្ពោះទៅរកអ្វី​ដែលអាចធ្វើឲ្យក្រុមហ៊ុនកាន់តែងទទួលបានជោគជ័យ ប្រាប់ដល់បុគ្គលិក និងវិនិយោគិនរបស់លោកទាំងអស់។ ជាងនេះទៅទៀត លោកមានសមត្ថភាព​ប្រើប្រាស់ចិត្តសាស្ត្រដើម្បីដឹកនាំបុគ្គលិក និងទាក់ចិត្តអតិថិជនរបស់លោកយ៉ាងប្រសិទ្ធិភាព ជាហេតុធ្វើឲ្យក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យ​កាន់តែខ្លាំង និងធ្វើឲ្យលោកក្លាយខ្លួនជា CEO ដែលដឹកនាំក្រុមហ៊ុនបានល្អបំផុតលើពិភពលោក។
មហាសេដ្ឋីរូបនេះចាប់ផ្តើមបង្កើតក្រុមហ៊ុន Amazon.com នៅឆ្នាំ ១៩៩៤ ដោយសម្រេចចិត្តបោះបង់ចោលប្រាក់បៀវត្សរ៍ដ៏ច្រើន ងាកមកបង្កើតអាជីវកម្ម​ខ្លួនឯងវិញម្តង បន្ទាប់ពីលោកបានចំណាយពេលសញ្ចឹងគិតយ៉ាងយូរ និងបានសរសេរពីគម្រោងអាជីវកម្មAmazon ខណៈពេលដែលលោកកំពុងធ្វើដំណើរ​ពីទីក្រុង New York ទៅកាន់ទីក្រុង Settle។
កត្តាដែលជម្រុញឲ្យ Jeff Bezos សម្រេចបែបនេះ គឺដោយសារតែលោកមើលឃើញពីសក្តានុពលនៃបច្ចេកវិទ្យាអ៊ីនធើណេត ដែលចេះតែរីកចម្រើនឡើង​ជាបន្តបន្ទាប់ ពិសេសច្បាប់សហរដ្ឋអាមេរិកនៅពេលនោះ មិនបានតម្រូវឲ្យក្រុមហ៊ុននេះបង់ពន្ធលើការលក់ផលិតផលខ្លួនឡើយ។​
ក្រោមការដឹកនាំ ប្រឹងប្រែព្យាយាម ជាមួយនឹងយុទ្ធសាស្ត្រដ៏អស្ចារ្យដែលនាំឲ្យក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់របស់ Jeff Bezos ក្រុមហ៊ុន Amazon.com បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ រហូតមានឈ្មោះល្បីនៅក្នុងឆ្នាំ ២០០៦ និងបានបន្តដំណើរទៅមុខឥតឈប់ឈរមក​ដល់ពេលបច្ចុប្បន្ននេះ។​
បច្ចុប្បន្ន ស្ថាបនិក Jeff Bezos មានទ្រព្យសម្បត្តិសរុបជាង ៨៧ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មាន Forbe៕

No comments:

Post a Comment

Post Top Ad


 http://www.qualitybizconsulting.com/