ភ្នំពេញៈ សហគ្រិនជោគជ័យ និងសហគ្រិនវ័យក្មេងកម្ពុជាមួយចំនួនបានបង្ហើបប្រាប់ គេហទំព័រ ពាណិជ្ជកម្មកម្ពុជា ថាជំនាញទន់ (Soft Skills) ក៏ជារូបមន្ដដ៏សំខាន់សម្រាប់ឈានជើងទៅកាន់ភាពជោគជ័យ ទាំងក្នុងការប្រកបអាជីវកម្ម និងការងារ ។លោកស្រី ចេន សុភាព ស្ថាបនិក សិប្បកម្មកីតម្បាញខ្មែរ បានថ្លែងប្រាប់ ពាណិជ្ជកម្មកម្ពុជាថា ជំនាញទន់នេះមានសារៈសំខាន់ណាស់ ចំពោះអាវកម្ម និងបុគ្គលិកនៅក្នុងវិស័យការងារ ដើម្បីទទួលបានជោគជ័យ និងធ្វើការងារជាក្រុមបានល្អ ។
លោកស្រីបានបន្ដថា៖« ជំនាញទន់នេះ សំខាន់ណាស់ ក្នុងនាមយើងជាសហគ្រិនម្នាក់ ព្រោះជំនាញនេះ តម្រូវឲ្យយើងធ្វើអ្វីមួយចេញពីបេះដូងរបស់យើង ហើយមនុស្សដែលមិនមានជំនាញទន់ នៅក្នុងខ្លួន អាចនឹងឆាប់ធ្វើឲ្យប្រសិទ្ធភាពការងារ និងភាពជាអ្នកដឹកនាំបាត់បង់ ឬសកម្មភាពការងារធ្លាក់ចុះ ពិសេសការធ្វើការងារក្រុម»។
ចំពោះបុគ្គលិកនៅក្នុងក្រុមហ៊ុនវិញ ជំនាញទន់នេះពិតជាសំខាន់ណាស់ ព្រោះវាគឺជាជំនាញស្នូលដែលធ្វើឲ្យប្រតិបត្ដិការងាររួមដំណើរការទៅបានល្អ។
លោកស្រី សុភាព បានគាំទ្រថា «ចំពោះខ្ញុំវិញ គឺឲ្យតម្លៃទៅលើជំនាញទន់នេះ រហូតដល់ ៨០ភាគរយចំពោះបុគ្គលិក ដែលធ្វើការងារជាមួយខ្ញុំ»។
លោកស្រីបានលើកឡើងថា «ព្រោះបុគ្គលិកដែលមានជំនាញទន់នេះ ពួកគាត់នឹងធ្វើការងារចេញពីបេះដូងរបស់ពួកគាត់ ហើយនៅពេលនោះ ការងារក៏កាន់តែមានប្រសិទ្ធភាពដែរ»។
លោកស្រី សុភាព បានពន្យល់បន្ថែមថា ដូចជាបុគ្គលិកម្នាក់ គាត់មានជំនាញផ្នែកលក់ ប៉ុន្ដែគាត់ខ្វះជំនាញទន់ ដែលជាជំនាញបន្ថែម ក្នុងការជួយជំរុញការលក់របស់គាត់នោះគាត់មិនអាចលក់ផលិតផលបានជោគជ័យទេ តែផ្ទុយមកវិញ បើគាត់មានជំនាញទន់ ដែលជាជំនាញ ក្នុងការទំនាក់ទំនង ការនិយាយស្ដី និងឥរិយាបទល្អរបស់គាត់ វាបានធ្វើឲ្យប្រសិទ្ធភាពការលក់របស់គាត់រឹតតែជោគជ័យថែមទៀត។
សហគ្រិនវ័យក្មេងកម្ពុជា ដែលកំពុងល្បីល្បាញ និងជោគជ័យជាមួយការលក់សំបុត្រឡានក្រុងអ៊នឡាញ «BookMebus» លោក ជា ឡង់ដា បានឲ្យដឹងដែរថា ជំនាញទន់នេះ បានជួយបង្កើនកំរឹតនៃការប្រាស្រ័យទាក់ទង់ជាមួយដៃគូរសហការ និងបុគ្គលសំខាន់ជាច្រើនបន្ថែមទៀត នៅក្នុងសង្គម ដែលនេះជាកត្ដានាំឲ្យអាជីវកម្មរបស់លោករឹតតែជោគជ័យមកទល់សព្វថ្ងៃ។
លោកបានបន្ដថា «ជំនាញទន់ វាបានជួយឲ្យយើងមានភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងគ្នា ជាមួយដៃគូសហការ ដៃគូពាណិជ្ជកម្មរបស់យើង។ ជំនាញនេះក៏ជួយឲ្យយើងងាយក្នុងការរៀនសូត្រពីគ្នាបានឆាប់រហ័ស ឆាប់ដឹងពីចិត្ដសាស្រ្ដ ថាតើយើងគួរផ្ដល់ពត៌មានផ្សេងៗរបស់យើងទៅកាន់ដៃគូពាណិជ្ជកម្មរបស់យើង» ។
សហគ្រិនវ័យក្មេងរូបនេះបានបន្ដពន្យល់ថា ជំនាញទន់នេះសំខាន់ណាស់ ព្រោះនៅពេលយើងជួបប្រាស្រ័យទាក់ទងគ្នាជាមួយដៃគូពាណិជ្ជកម្ម ដៃគូរបស់យើងមានជំនាញ និងប្រវត្ដិពាណិជ្ជកម្មខុសគ្នា ដូច្នេះជំនាញទន់នេះ អាចជួយឲ្យយើងបត់បែន និងនិយាយស្ដីទៅកាន់មនុស្សបានគ្រប់កម្រិត។
លោក ឡង់ដា បានមើលឃើញថា «ចំពោះបុគ្គលិកនៅតាមបណ្ដាលក្រុមហ៊ុន បើគាត់ខ្វះជំនាញទន់នេះ នោះគាត់នឹងពិបាកក្នុងការអភិវឌ្ឍន៍ខ្លួនឯង ផ្ទុយពីបុគ្គលិកដែលគាត់មានជំនាញទន់ គាត់ងាយចាប់បាន រៀនពីការងារថ្មីៗបានលឿនថែមទៀត»។
លោក ហម គីមហួន គ្រូបង្វឹកជំនាញទុន (Soft Skill) បានលើកឡើងថា ជំនាញទុនបានរួមចំណែកយ៉ាងធំក្នុងការជំរុញឲ្យផលិតផលការងារ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។
ភាគច្រើននៃជំនាញទាំងនេះត្រូវបានគេមើលឃើញថា មានការពិបាកក្នុងការវាស់វែង (មិនដូចជំនាញបច្ចេកទេស “ជំនាញរឹង” ដែលអាចត្រូវបានវាស់វែងតាមរយៈការសាកល្បង) ។
ម្ចាស់ស្ថាប័នភាគច្រើនតែងមានការព្រួយបារម្ភចំពោះបុគ្គលិកដែលមានបញ្ហាខាងជំនាញបច្ចេកទេស តែទិដ្ឋភាពជាក់ស្តែង រវបស់ពួកគេ ដែលមានចំណុចខ្វះខាតច្រើន គឺជំនាញទុន ហើយជំនាញបច្ចេកទេសវិញ ងាយស្រួលបំពេញទៅវិញទេ។
បុគ្គលិកភាគច្រើនតែងតែមានបញ្ហាទំនាក់ទំនង មិនចុះសម្រុងគ្នាក្នុងការងារ ពិបាកក្នុងការទំនាក់ទំនងគ្នា គ្មានជំនឿចិត្ត កេញចំណេញម៉ោងការងារ ជាពិសេសការគិតភាគច្រើន មិនសូវមានភាពផ្តួចផ្តើម និងគំនិតច្នៃប្រឌិតថ្មីៗ គេតែងធ្វើតាមគំនិតអ្នកដទៃ សុទ្ធសឹងតែជាសញ្ញាណនៃការខ្វះខាតជំនាញទុន។
លោកបានបន្តថា បើធ្វើការប្រៀធៀបបុគ្គលិកមានជំនាញទុន និងគ្មានជំនាញទុន ច្បាស់ណាស់ បុគ្គលិកមានជំនាញទុន បានបង្កើត បរិយាសល្អ ក្នុងដំណើរការក្រុមហ៊ុន ដោយសារពួកគេមានទំនាក់ទំនងល្អ ធ្វើការចុះសម្រុងគ្នា ចេះជួយគ្នាទៅវិញទៅមក មានបំណិនដោះស្រាយបញ្ហា សមត្ថភាពក្នុងការទទួល និងរៀនពីការរិះគន់ មានទំនុកចិត្តលើខ្លួនឯង មានគំនិតបង្កើតថ្មី និងហ៊ានសាកល្បងអ្វីដែលថ្មី។
បុគ្គលិកដែលមានជំនាញទន់តិចតួច ជារឿយៗតែងតែងមានសំពាធ មិនសូវមានភាពរួសរាយរាក់ទាក់ សមត្ថភាពការងារជាក្រុមមានកំរិតទាប មានភាពភយ័ខ្លាច និងមិនសូវហ៊ានប្រឈមជាមួយនឹងបញ្ហា និងភ័យខ្លាចក្នុងការផ្លាស់ប្តូរជាដើម ដែលជាហេតុនាំអោយផលិតភាពការងារមានការយឺតយ៉ាវ និងមិនសូវមានប្រសិទ្ធភាពការងារ លោក គីមហួន បន្ថែម។
លោកបានបញ្ជាក់ថា «ជំនាញទុន ជាជំនាញមួយមិនអាចខ្វះបាន ព្រោះវាជាកម្លាំងចលករមួយក្នុងការរុញច្រានឲ្យទទួលបានជោគជ័យលើការងារ ការប្រកបរបរអាជីវកម្ម និងជីវិតឯកជនជាដើម»។
សម្រាប់ជំនាញទុន នេះយើងអាចរៀនតាមរយៈ
១ មានឆន្ទះក្នុងការផ្លាស់ប្ដូរ អ្នកមិនអាចបង្ខំនរណាម្នាក់អោយផ្លាស់ប្តូរបានទេ ពួកគេត្រូវតែមានឆន្ទៈក្នុងការចាប់ផ្តើមដំណើរការផ្លាស់ប្តូរដោយខ្លួនឯង។
២ ការអប់រំ ខណៈពេលដែលការរៀនជំនាញទន់មិនមែនគ្រាន់តែជា “ការរៀនសៀវភៅទេ” តែរួមបញ្ចូលជាមួយនឹងការចូលរួមសិក្ខាសាលា ការជជែកវែកញែកគំនិតគ្នាជាដើម។
៣ ការវាយតម្លៃ វាជារឿងមួយដែលត្រូវដឹងអំពីការអនុវត្តន៍ដ៏ល្អបំផុត តាមរយៈការវាយតំលៃពីចំណុចខ្លាំង និងចំណុចដែលត្រូវអភិវឌ្ឍន៍បន្ថែមរបស់បុគ្គល ហើយវាពិតជាមានសារៈសំខាន់ក្នុងការរួមបញ្ចូលទាំងការវាយតម្លៃខ្លួនឯងតាមរយៈមនុស្សដែលរួមការងារជាមួយ។
៤ ការឆ្លុះបញ្ចាំងដោយខ្លួនឯង នៅពេលដែលនិយោជិកបានរៀនសូត្រច្រើនអំពីខ្លួនរបស់គេ (ចំណុចខ្លាំង, កំហុស, ទំនោរជាដើម) នោះវាចាំបាច់សម្រាប់ពួកគេឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានរៀន។
៥ ការអនុវត្ត ជំនាញទន់នឹងមិនមានប្រសិទ្ធភាពគ្រប់ក្រាន់ទេ ប្រសិនបើមានការខ្វះចន្លោះក្នុងការអនុវត្តវាជាប្រចាំនោះ។ ពួកវាត្រូវយកទៅអនុវត្ដក្នុង«ជីវិតពិត»ក្នុងរយៈពេលយូរ។ ដំណើរការនេះអាចត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានបុគ្គលឬជាក្រុម។ វាអាចត្រូវបានបញ្ចប់នៅក្នុងផ្ទៃឬជាមួយអ្នកសម្របសម្រួលនៅខាងក្រៅ៕
No comments:
Post a Comment