មហាសេដ្ឋីមានបំផុតប្រចាំទីក្រុងហុងកុង លោក លី កាស៊ីង គឺជាបុគ្គលជោគជ័យមួយរូបដែលបានខិតខំប្រឹងប្រែង ដោយញើសឈាមខ្លួនឯង ពីគ្រួសារក្រីក្រ តាំងពីកុមារភាពលោកគ្មានឳពុកនឹងគេទេ ដូច្នេះហើយលោកត្រូវរស់ខ្វះព្រឹកខ្វះល្ងាច។ ដោយសារជួបជីវិតជាក្មេងកំព្រា លោកត្រូវព្យាយាមតស៊ូយ៉ាងខ្លាំង ដោយដើរលក់របស់របរតាមផ្ទះគេ លក់កាសែតតាមផ្លូវពេលទំនេរពីសាលា ធ្វើការឲ្យគេរាប់ឆ្នាំទំរាំមានលទ្ធភាពបង្កើតរោងចក្រតូចមួយដោយខ្លួនឯង។ ដោយការខិតខំប្រឹងប្រែង ធ្វើឲ្យរបររកស៊ីរបស់លោកទទួលជោគជ័យជាបន្តបន្ទាប់រហូតក្លាយជាមហាសេដ្ឋីមានបំផុតនៅហុងកុង។ លោកបានផ្តាំថា ពេលអ្នកចូលធ្វើការឲ្យគេ មិនថាក្រុមហ៊ុននោះតូចឬក៏ធំក៏ដោយ ដាក់គោលដៅរបស់អ្នករួចសម្លឹងមើលពីអនាគត កុំសម្លឹងតែប្រាក់ព្រោះវាធ្វើឲ្យអ្នកជាប់ផុងនឹងការងារមិនអាចដកខ្លួនរួច ដើម្បីទៅសម្រេចក្តីស្រមៃរបស់ខ្លួនឯង។
គួររម្លឹងថា លោក លី កាស៊ីង ជាសេដ្ឋីជំនួញដ៏ពូកែលក់ម្នាក់ ដោយលោកចេះជំនាញលក់បិុនប្រសព្វនេះ ព្រោះលោកធ្លាប់មានជីវិតក្រលំបាក ដើរលក់ទំនិញតាមផ្ទះគេ ដើរលក់គ្រប់ទីកន្លែង ត្រូវគោះទ្វារផ្ទះគេពេលខ្លះត្រូវគេស្តីឲ្យជារឿយៗ។ ក្រោយមក លោកបានចូលធ្វើការនៅក្នុងរោងចក្រផលិតផ្លាស្ទីកមួយកន្លែង ដោយសារការខិតខំប្រឹងប្រែងធ្វើការ និងមានគោលដៅច្បាស់លាស់ លោកត្រូវបានឡើងតំណែងជាបន្តបន្ទាប់ រហូតក្លាយជាអ្នកគ្រប់គ្រងទូទៅក្នុងរោងចក្រ។ ការធ្វើការងារឲ្យគេអស់រយៈពេលច្រើនឆ្នាំ ធ្វើឲ្យលោក លី ដឹងថាខ្លួនលោកមានចំណេះ ជំនាញនិងទុនធនធានគ្រប់គ្រាន់ល្មមអាចចេញធ្វើអាជីវកម្មដើម្បីសម្រេចគោលដៅរបស់ខ្លួនឯងបានហើយ។ នៅត្រឹមវ័យតែ២២ឆ្នាំប៉ុណ្ណោះ លោកបានសម្រេចចិត្តលាឈប់ពីប្រធានគ្រប់គ្រប់រោងចក្រ ហើយបានចាប់ផ្តើមបើករោងចក្រតូចមួយផលិតផ្លាស្ទីក និងផ្កាជ័រ។ ដោយសារលោកជាមនុស្សពូកែ មានទំនួលខុសត្រូវខ្ពស់ និងមានមហិច្ឆតាធំ អតីតថៅកែរបស់លោកបានសុំអង្វរលោកកុំឲ្យលាឈប់ពីរោងចក្រ ដោយថៅកែលោកហ៊ានតំឡើងប្រាក់ខែលោកគុណជាពីរជាបី ដើម្បីកុំឲ្យគាត់ចាកចេញ។ ប៉ុន្តែដោយសារលោក លី ជាមនុស្សម្នាក់ដែលខំប្រឹងធ្វើការព្រោះតែមានគោលដៅច្បាស់លាស់ លោកត្រូវតែចេញធ្វើជំនួញដោយខ្លួនឯង។ ពេលនោះហើយ អ្វីដែលមិនគួរឲ្យជឿនោះគឺអតីតថៅកែរបស់លោកក៏សុំចូលរួមហ៊ុនវិនិយោគជាមួយអាជីវកម្មថ្មីរបស់លោកលីផងដែរ។
មហាសេដ្ឋីពូកែវិនិយោគរូបនេះ តែងតែមានប្រសាសន៍ផ្តាំទៅសហគ្រិនជំនាន់ក្រោយថា ពេលធ្វើការឲ្យគេមិនថាក្រុមហ៊ុនោះតូចឬធំក៏ដោយចុះ ត្រូវឲ្យមានគោលដៅខ្លួនឯងឲ្យច្បាស់លាស់ កុំធ្វើដើម្បីតែប្រាក់ខែមួយមុខ ព្រោះវានឹងធ្វើឲ្យអ្នកជាប់ផុងនឹងការងារនោះព្រោះតែប្រាក់ខែ។ លើសពីនេះទៀត លោកថាការធ្វើការមានគោលដៅច្បាស់លាស់ អាចធ្វើឲ្យអ្នកមានកម្លាំងចិត្តនិងមានថាមពលមិនចេះរីងស្ងួតដើម្បីបន្តវា ទោះបីជាជួបឧបសគ្គលំបាកៗដ៏ដោយ។ “ធ្វើការឲ្យគេត្រូវឲ្យមានគោលដៅច្បាស់លាស់ និងរយៈពេលកំណត់មួយច្បាស់លាស់ កុំធ្វើមួយជីវិត កុំផ្ញើវាសនានឹងអ្នកដទៃយូរពេក”៕
No comments:
Post a Comment