តើមានរបៀបដឹកនាំអ្វីខ្លះដែលអ្នកត្រូវចៀសវាងចំពោះអ្នករួមការងារដូចជាបុគ្គលិករបស់អ្នក ? ចំណុច៣យ៉ាងខាងក្រោមអាចផ្ដល់ជាគំនិតខ្លះៗសម្រាប់អ្នកចំពោះបញ្ហានេះបាន៖
១) គេចចេញពីទំនួលខុសត្រូវ៖ អ្នកដឹកនាំមួយចំនួនមិនសូវបានចំណាយពេលវេលាជាមួយកូនចៅមិនថាជាក្នុងពេលមានកិច្ចប្រជុំឬជាការសន្ទនាជជែកគ្នាលែងធម្មតានោះទេ ប៉ុន្តែនៅពេលដែលពួកគាត់ចេញមុខមកបែរជាពេលវេលាដែលពោរពេញដោយភាពសោះកក្រោះទៅវិញ។ ពួកគាត់មិនបានសិក្សាស្វែងយល់ពីបញ្ហាលំបាករបស់កូនចៅឡើយ ហើយស្ដីបន្ទោសនូវរាល់លទ្ធផលដែលមិនបំពេញចិត្តគាត់ប៉ុណ្ណោះ។ តាមវិធីនេះ បញ្ហាដែលគាត់ចង់ដោះស្រាយមិនអាចជ្រះស្រឡះនិងទទួលអារម្មណ៍ល្អសម្រាប់ទាំងអស់គ្នានោះឡើយ វាមានតែបង្កើនកម្រិតរបស់បញ្ហាឲ្យរឹតតែពិបាកជាងមុនទៅទៀត។
២) មិនខ្វាយខ្វល់ពីមតិរិះគន់៖ អ្នកដឹកនាំដែលមិនសូវឲ្យតម្លៃទៅលើមតិយោបល់រិះគន់ពីកូនចៅជុំវិញខ្លួន នឹងធ្វើឲ្យបរិយាកាសធ្វើការងារជាមួយបុគ្គលិកប្រែជាអាប់អួ និងប៉ះពាល់ដល់សក្ដានុពលរបស់បុគ្គលិកក្នុងការសម្រេចសមិទ្ធផលសំខាន់ៗទាំងឡាយឲ្យមានព្រំដែនកំណត់ដោយសារតែភាពជាអ្នកដឹកនាំរបស់អ្នក។ ប៉ុន្តែនេះមិនមែនមានន័យថាអ្នកត្រូវតែស្ដាប់និងធ្វើតាមមតិយោបល់របស់មនុស្សគ្រប់គ្នាទាំងអស់នោះទេ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកចាំបាច់ត្រូវដឹងថាអ្វីខ្លះទៅដែលអ្នកអាចគ្រប់គ្រងនិងកែតម្រូវវាឲ្យល្អប្រសើរបាន ហើយអ្វីខ្លះវិញទៅដែលស្ថិតនៅហួសព្រំដែនរបស់អ្នក។
៣) មិនហ៊ានសារភាពនូវកំហុសរបស់ខ្លួនឯង៖ ឋានៈខ្ពស់ជាងគេមិនមែនមានន័យថាអ្នកនឹងមិនចេះខុសជារៀងរហូតនោះទេ។ ការសាងកំហុសមិនមែនជាបញ្ហានោះឡើយ តែការណ៍ដែលអ្នកមិនហ៊ានទទួលស្គាល់ថាខ្លួនឯងខុសនិងកែតម្រូវនោះទៅវិញទេទើបជាបញ្ហាពិតប្រាកដ ជាពិសេសវាក៏បានឆ្លុះបញ្ចាំងពីអត្តចរិតរបស់អ្នកថាជានរណាផងដែរ។ បើអ្នកមិនទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួនឯង នោះនៅថ្ងៃណាមួយកូនចៅរបស់អ្នកនឹងរៀនសូត្រត្រាប់តាមគំរូរបស់អ្នកមកវិញមិនខាន៕
ចំណុច ៣យ៉ាងដែលអាចផ្ដល់ជាគំនិតខ្លះៗ អំពីរបៀបដឹកនាំដែលអ្នកគួរចៀសវាង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment