ការរកស៊ី ការប្រកបអាជីវកម្មផ្សេងៗចៀសមិនផុតឡើយតែងតែមានបញ្ហាតូចធំជាច្រើន ដែលសហគ្រិនត្រូវជួបប្រទះទោះបីមិនច្រើនក៏តិចតួចដែរ ហើយបញ្ហាទាំងនោះអាចបណ្តាលឲ្យអាជីវកម្មត្រូវខាតបង់ប្រាក់ ឬរាំងស្ទះរហូតត្រូវដួលរលំជាច្រើនផងដែរ។ យ៉ាងណាមិញ ការបរាជ័យនេះអាចបណ្តាលឲ្យពួកគេបាក់ស្បាតលែងចង់បន្តធ្វើអាជីវកម្មបន្តទៀត ហើយជាងនេះទៅទៀត មានអ្នករកស៊ីមួយចំនួនដែលត្រូវខាតបង់ធ្ងន់ធ្ងរចង់គិតខ្លីក៏មានដែរ។
ថ្ងៃនេះពាណិជ្ជកម្មកម្ពុជា សូមលើកយកគំនិតយោបល់ល្អមួយចំនួនដើម្បីកសាងទំនុកចិត្តឡើងវិញ ក្រោយការរកស៊ីត្រូវបរាជ័យខាតបង់ ហើយបង្កើនជំនឿចិត្តខ្លួនឯងឡើងវិញដើម្បីចាប់ផ្តើមក្តីស្រមៃម្តងទៀត៖
១). គ្រប់គ្រងអារម្មណ៍ខ្លួនឯង៖
ជាការពិតណាស់ថា គ្មាននរណាម្នាក់ដែលធ្វើចិត្តនិងអារម្មណ៍របស់ខ្លួនឲ្យសប្បាយរីករាយបាននោះទេ ខណៈដែលអាជីវកម្មរបស់ខ្លួនកំពុងតែជួបវិបត្តិ ឬត្រូវបរាជ័យក្ស័យធន ទោះបីមិនច្រើនក៏តិចដែរ។ ចូរចងចាំថា នៅលើវិធីនៃការរកស៊ីតែងតែមានការខាតមានចំណេញជារឿងធម្មតាចៀសមិនផុតឡើយដែលសហគ្រិនគ្រប់គ្នាត្រូវផ្សាំ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺ កុំខ្លាច កុំបោះបង់ និងកុំញញើតនឹងចាប់ផ្តើមម្តងទៀត យើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពនិងសមត្ថភាពរបស់យើង។ នៅក្នុងវិថីសហគ្រិន អ្នកត្រូវតែទទួលស្គាល់និងរៀនធ្វើចិត្តថា គ្មានបុគ្គលណាដែលមិនដែលធ្លាប់បរាជ័យនោះទេ ហើយក៏គ្មានអាជីវកម្មណាដែលជោគជ័យរហូតដែរ។ មេរៀនដ៏សំខាន់ដែលអ្នកត្រូវចងចាំមុនពេលឈានជើងចូលសមរភូមិអាជីវកម្មនោះគឺ ប្រឹងប្រែងឲ្យអស់លទ្ធភាព បើបរាជ័យរៀនពីបរាជ័យឲ្យខ្លាំងក្លា រួចចាប់ផ្តើមម្តងទៀតដោយភាពជឿជាក់។
២). រៀនសូត្រពីបរាជ័យ៖
រាល់អាជីវកម្មដែលមានបញ្ហា គឺសុទ្ធតែមានមូលហេតុរបស់វាឬអាចនិយាយបានថាបណ្តាលមកពីកំហុសណាមួយរបស់សហគ្រិនដែលគាត់មិនបានសិក្សាឬគិតដល់។ វាពិតជាសំខាន់ខ្លាំងណាសសម្រាប់សហគ្រិន ដែលត្រូវតែចេះទទួលស្គាល់កំហុសខ្លួនឯង រៀនពីកំហុសរួចកែប្រែកំហុសទាំងនោះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ អ្នកគួរស្វែងយល់រកចំនុចខ្សោយ ចំនុខខ្វះខាតឲ្យឃើញថា ហេតុចម្បងអ្វីខ្លះដែលបណ្តាលឲ្យអាជីវកម្មរបស់អ្នកមានបញ្ហាឬត្រូវដួលរលំបែបនេះ។ ជាឧទាហរណ៍ ស្ថាបនិកពាណិជ្ជកម្មកម្ពុជា លោក សំ កុសល ធ្លាប់រកស៊ីខាតបីបួនឆ្នាំជាប់ៗគ្នា ដោយសារតែលោកមានទឹកចិត្តជាសហគ្រិនទោះបីជួបឧបសគ្កនិងសាងកំហុសជាច្រើនក្នុងការដឹកនាំក្រុមហ៊ុនមួយនេះ ប៉ុន្តែលោកនៅតែតស៊ូក្រាចននែលមិនព្រមបោះបង់ក្តីស្រមៃមួយនេះឡើយ។ ស្ថាបនិករូបនេះ បានតស៊ូនិងរៀនសូត្រពីកំហុសឆ្គងកន្លងមកដែលបណ្តាលឲ្យគ្រប់ហ៊ុននេះរកស៊ីខាត ហើយព្យាយាមរៀនពីកំហុសកន្លងមកដើម្បីអភិវឌ្ឍក្រុមហ៊ុនឲ្យដើរទៅមុខបន្តទៀត។
៣). កុំភ័យខ្លាំងក្នុងការចាប់ផ្តើមម្តងទៀត៖
បន្ទាប់ពីបានសិក្សានិងរៀនពីកំហុសរួចហើយ ចិត្តជាសហគ្រិនមិនត្រូវខ្លាចនឹងងើបឡើងរួចចាប់ផ្តើមក្តីស្រមៃសាជាថ្មីទៀតនោះទេ។ ជាគំរូរបស់បុគ្គលល្បីៗដូចជាលោក Masayoshi Son ស្ថាបនិក ក្រុមហ៊ុន SoftBank ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូគមនាគមន៍និងអ៊ិនធើណេតដ៏ធំមួយរបស់ជប៉ុនដែលមហាសេដ្ឋីរូបនេះ ធ្លាប់ខាតបង់ទ្រព្យអស់ ៧០ពាន់លានដុល្លារ ស្ទើរអស់ពីខ្លួន បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០០ ធ្វើឲ្យហ៊ុនរបស់លោកធ្លាក់ជាង៩៧%ស្ទើរអស់ពីខ្លួន។ ជាទឹកចិត្តរបស់អ្នករកស៊ី លោក Masayoshi Son ព្យាយាមប្រឹងប្រែងរហូតអាចធ្វើការស្ដារក្រុមហ៊ុនឡើងវិញ ដែលធ្វើឲ្យលោកក្លាយជា មហាសេដ្ឋីលំដាប់កំពូលសារជាថ្មីម្ដងទៀត។
៤). ស្ថាបនាគ្រឹះសាជាថ្មី
ដើម្បីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម ចាំបាច់បំផុតអ្នកត្រូវមានអត្តចរិតជាអ្នករកស៊ី។ អ្នករកស៊ីត្រូវមានអត្តចរិតហ៊ានប្រថុយ និងមានការលះបង់ខ្ពស់ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ប្រសិនបើអ្នករកស៊ីប៉ុន្តែខ្លាចមិនហ៊ានប្រថុយឬខ្លាចខាត អ្នកនឹងមានបញ្ហាក្នុងការរកស៊ីព្រោះអ្នកខ្វះភាពជាសហគ្រិន។ ប្រសិនអ្នកជាសហគ្រិនដែលធ្លាប់រកស៊ីខាត អ្នកត្រូវគិតវិជ្ជមានថានេះគឺជាមេរៀនដ៏ល្អនិងមានតម្លៃបំផុតដើម្បីឲ្យអ្នករៀនសូត្រពីកំហុសឆ្គងកន្លងមក រួចប្រើប្រាស់នូវកំហុសឆ្គងទាំងនោះដើម្បីកសាងគ្រឹះសាជាថ្មីដែលមានភាពរឹងមាំជាងមុន ហើយចាប់ឱកាសរាប់រយពាន់ផ្សេងទៀតដែលកំពុងមាននៅចំពោះមុខអ្នក។
សរុបមក ពាណិជ្ជកម្មកម្ពុជា សង្ឍឹមថាអត្ថបទមួយនេះនឹងអាចឲ្យអ្នកមានអារម្មណ៍ធូរស្បើយជាងមុន និងអាចមានកម្លាំងចិត្តក្នុងការងើបឈរឡើងវិញហើយតស៊ូសាជាថ្មីម្តងទៀត។ ចូរចងចាំថា បរាជ័យគឺជាផ្នែកមួយនៃភាពជោគជ័យ ដូច្នេះត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព កុំខ្លាចបរាជ័យដោយហោចណាស់ក៏អ្នកអាចរៀនមេរៀនដ៏មានតម្លៃដែលក្នុងសាលាគ្មានបង្រៀន៕
No comments:
Post a Comment