អាជីវកម្មរីកចម្រើនទៅបានអាស្រ័យលើកត្តាច្រើន ក្នុងចំណោមកត្តាទំាងនោះ បញ្ហាបុគ្គលិកត្រូវបានម្ចាស់ក្រុមហ៊ុនយកចិត្តទុកដាក់ជាខ្លាំង ព្រោះគេមានទស្សនៈថា បើយើងមើលថែបុគ្គលិកបានល្អ នោះបុគ្គលិកក៏ថែរក្សាក្រុមហ៊ុនយើងល្អវិញដែរ។ តែអាចមានភាពស្មុគស្មាញច្រើន ទាក់ទងនិងការជ្រើសរើសបុគ្គលិកល្អមកបម្រើការងារ ដើម្បីឲ្យក្រុមហ៊ុនមានការរីកចម្រើន។ ខាងក្រោមនេះ ជាទស្សនៈយល់ឃើញផ្សេងគ្នាអំពីបុគ្គលិក ពីម្ចាស់ក្រុមហ៊ុន៤រូបនៅកម្ពុជា។
«បើមិនចង់ឲ្យបុគ្គលិកបាក់ទឹកចិត្ដ កុំយកពាក្យចាស់បូរាណសង្កត់ចិត្ដឲ្យរងទុក្ខ»
លោកស្រី ចេន សុភាព ស្ថាបនិកសិប្បកម្មកីតម្បាញខ្មែរ ធ្លាប់មានប្រសាសន៍ថា «ដើម្បីកុំឲ្យមានការអាក់អន់ចិត្ត បាក់ទឹកចិត្ត ក្នុងការធ្វើការងារជាក្រុមតាំងពីកំរិតលើ ដល់កំរិតក្រោម កំរិតតូច ដល់កំរិតធំ យើងមិនគួរ យកពាក្យចាស់បូរាណមកបៀមទុក្ខ សង្កត់ចិត្តឲ្យរងទុក្ខទារុណនោះទេ។
មនុស្សណា បុគ្គលណាក៏ត្រូវការ ការលើកទឹកចិត្ត ហើយបុគ្គលដែលត្រូវទទួលបានការលើកទឹកចិត្តបំផុត គឺបុគ្គលដែលពូកែធ្វើ និងសំរេចបានលទ្ធផល មិនមែនបុគ្គលដែលពូកែតែអែបអប បញ្ជោរ ពូកែនិយាយ តែមិនពូកែធ្វើនោះឡើយ។លោកស្រីបានបន្ដថា «សូមមេត្តាគិតដល់មនុស្ស ដែលពូកែធ្វើទាំងឡាយ កុំចេះតែស្តាប់ហើយត្រចៀកស បន្ទោសគ្នាឥតឈប់ឈរ ទីបំផុត គឺអត់មនុស្សប្រើ។ សូមមេត្តា ជ្រាបទាំងបុគ្គលិកខ្ញុំ ទាំងបុគ្គលិកអ្នក រួមទាំងអ្នកស្មគ្រ័ចិត្តផងដែរ»។
«បុគ្គលិកឆ្នើម ខ្ញុំមិនផ្តោតសំខាន់លើការសិក្សាទេ តែផ្តោតលើបេះដួង»
លោកស្រីសុទ្ធ ចន្ថា នាយិកាក្រុមហ៊ុន Daily Transport មានប្រសាសន៍ថា «បុគ្គលិកឆ្នើមមិនអាស្រ័យលើការសិក្សាពេកទេ តែសំខាន់លើបេះដួង និងអត្តចរិក ព្រោះយើងអាចធ្វើការជាមួយបុគ្គលណាម្នាក់ជាមួយអត្តចរិក ហើយវាអាចឲ្យមនុស្សរស់នៅជាមួយគ្នា៨០%»។ ជាការពិតណាស់ យើងមិនអាចធ្វើការជាមួយបុគ្គលិកគិតតែលុយជាប្រាក់ខែ តែមិនគិតរឿងអ្វីផ្សេងទាក់ទងនិងរឿងក្រុមហ៊ុននោះទេ។
បុគ្គលិកសម័យថ្មីនេះ ត្រូវតែប្តូរការគិតរបស់ខ្លួនមិនអាច ចាត់ទុកខ្លួនឯងត្រឹមជាបុគ្គលិកម្នាក់ធម្មតាក្នុងក្រុមហ៊ុនទៀតនោះទេ ត្រូវតែប្តូរឥរិយាបថធ្វើការរបស់ខ្លួនត្រូវចាត់ទុកថា ការធ្វើការងារ ដូចជាការវិនិយោគ ឬចេញរកស៊ីដោយខ្លួនឯងដែរ ដោយយើងប្រើប្រាស់សមត្ថភាពចំណេះដឹង ដើម្បីប្តូរយកចំណូលមកវិញ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកមិនអាចទ្រាំធ្វើការងារឲ្យគេអស់មួយជីវិតនោះទេ ត្រូវតែមានមហិច្ឆតា ក្នុងចេញរកស៊ីដោយខ្លួនឯង ដូច្នេះត្រូវតែរៀនធ្វើការងារឲ្យបានច្រើន ធ្វើដូចជាម្ចាស់។
«មានបុគ្គលខ្លាំង ស្មើនិងមានមេទ័ពខ្លាំង ច្បាំងមិនដែលចាញ់»
លោកដួង តារា ស្ថាបនិកMisterbre Coffee បានថ្លែងថា បុគ្គលិកជាកត្តាសំខាន់ សម្រាប់ដំណើរការអាជីវកម្ម ឬក្រុមហ៊ុនមួយឲ្យដំណើរការល្អ បើមានបុគ្គលខ្លាំង ដែលមិនខុសពីមានមេទ័ពសម្រាប់ច្បាំងខ្លាំងនោះទេ ហើយកម្រិតក្នុងការទទួលបានជោគជ័យក៏ខ្ពស់ផងដែរ។ លោកថា បានបុគ្គលិកយកបេះដួងមកធ្វើការ ជាជាងបុគ្គលិកមានតែសញ្ញាបត្រមកធ្វើការ ទោះបីជាគាត់មិនសូវមានចំណេះដឹងច្រើនក៏ដោយចុះ តែគាត់មានឆន្ទៈក្នុងការសិក្សារៀនសូត្រ មិនយូរទេ គាត់នឹងក្លាយជាអ្នកជំនាញមិនខាន។
«បើចង់ក្លាយជាបុគ្គលិកឆ្នើម លុះត្រាតែយើងធ្វើអ្វីប្លែកពីបុគ្គលិកទូទៅ»
លោកកែង ឡង់ឌី មានអតីតជាគ្រូបង្រៀនថ្នាក់ក្រៅម៉ោង តែបានអភិវឌ្ឍន៍ខ្លួនក្លាយទៅជា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយដ្ឋានអប់រំនៃវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំង និងបានវិវត្តន៍ខ្លួនមួយកម្រិតទៀត ក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន លែងមានឈ្មោះជាបុគ្គលិកទៀតនោះ។ «បើចង់ក្លាយជាបុគ្គលិកឆ្នើម លុះត្រាតែយើងធ្វើអ្វីឲ្យប្លែកពីបុគ្គលិកទូទៅ ដែលធ្លាប់តែធ្វើជាមុនសិន»។
លោកកែវ ឡង់ឌី បាននិយាយថា បើបុគ្គលិកដទៃខ្ជិលនៅម៉ោងធ្វើការ យើងគួរតែខ្ជិលនៅម៉ោងសម្រាកពីការងារ ពោលគឺយើងអាចខ្ជិលនៅផ្ទះបាន តែមិនត្រូវខ្ជិលនៅកន្លែងធ្វើការបានទេ។ បើចង់ក្លាយជាបុគ្គលិកឆ្នើម ត្រូវតែមានគោលដៅឲ្យច្បាស់នៅក្នុងអង្គភាពរបស់ខ្លួន ពោលគឺ លោកអ្នកត្រូវតែដាក់គោលដៅឲ្យច្បាស់ថា តើឆ្នាំនេះខ្ញុំមានមុខដំណែងអ្វី? ហើយឆ្នាំក្រោយត្រូវទទួលបានមុខដំណែងជាអ្វី?
លោកបានបញ្ជាក់ថា ការដាក់គោលដៅទំាងនេះ មិនមែនធ្វើឡើងដោយសារតែចង់បានតំណែងមួយមុខតែប៉ុណ្ណោះទេ គឺយើងធ្វើឡើង ដើម្បីដាស់ខ្លួនឲ្យមានការខិតខំប្រឹងប្រែងព្យាយាមធ្វើការ និងខិតខំបង្កើតតំណែងដែលយើងចង់បានទំាងនោះដោយខ្លួនឯង។
អត្ថបទដោយ៖ ម៉ន វុទ្ធា
No comments:
Post a Comment