អ្នកបរាជ័យលើអាជីវកម្ម ភាគច្រើនតែងគិតបរាជ័យ ច្រើនជាងដំណោះស្រាយ - jut

Post Top Ad

Post Top Ad

អ្នកបរាជ័យលើអាជីវកម្ម ភាគច្រើនតែងគិតបរាជ័យ ច្រើនជាងដំណោះស្រាយ


Untitled-1333


លោកស្រីសំ លីនណា ជាសហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៧ និងនាយិកាក្រុមហ៊ុនអេលីស គ្រឿងសង្ហារឹមផងនោះ លោកស្រីបានចាប់ផ្តើមចេញរកស៊ីតាំងមានដើមទុនតិចតួច ជាមួយនិងមុខរបរតូចតាច តែបានអភិវឌ្ឍន៍រហូតប្រែក្លាយជាក្រុមហ៊ុនស្តង់ដារមួយ និងទទួលបានជោគជ័យជាខ្លំាង។តាមរយៈបទសម្ភាសផ្ទាល់ជាមួយ Business Cambodia លោកស្រីសំ លីនណា បានលើកឡើងនូវ គន្លឹះបរាជ័យ និងជោគជ័យនៃអាជីវកម្មដល់យុវជនជំនាន់ក្រោយ ជាពិសេសអ្នកចង់ចេញរកស៊ីត្រូវតែដឹង ហើយចំណុចពិសេសនៃការបរាជ័យអាជីវកម្ម ភាគច្រើនមកពីសហគ្រិនខ្លួនឯង គិតរឿងបរាជ័យច្រើនជាងដំណោះស្រាយ។
Sam-Lina-3-768x512

លោកស្រីសំ លីនណា មានប្រសាសន៍ថា «បើចង់ជោគជ័យលើអាជីវកម្ម ដំបូងត្រូវគិតលើជំនាញ ឬផលិផលដែលយើងចូលចិត្តជាមុនសិន។ ជាពិសេសប្អូនៗមហាវិទ្យាល័យគាត់មានជំនាញផ្នែកអ្វីមួយ ឧទាហរណៈ ជំនាញវិស្វកម្ម ព័ត៌មានវិទ្យា ឬពេទ្យជាដើម លុះត្រាតែយើងធ្វើការលើជំនាញរហូតឈានឆ្ពោះទៅខ្នាតមួយក្នុងការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។ ចំណុចសំខាន់បំផុត តើជំនាញដែលយុវជនជ្រើសរើសនិងជាជំនាញខ្លួនស្រឡាញ់ដែរទេ?។ ប្រសិនបើស្រឡាញ់នូវជំនាញរបស់ខ្លួនហើយ ត្រូវធ្វើការឲ្យគេក៏ដោយ ឬចេញរកស៊ី ត្រូវតែរកស៊ីជំនាញដែរយើងមាននេះឯង»។
លោកស្រីបន្តថា បើយើងចង់ផ្គត់ផ្គង់ផលិតផល ឬសេវាកម្មវិញ យើងត្រូវសួរខ្លួនឯងថា តើយើងមានជំនាញ បានស្គាល់ច្បាស់នូវផលិតផលហើយឬនៅ? សម្រាប់ខ្លួនឯងផ្ទាល់ តើពេញចិត្តខ្លាំងទេ នូវការបើកអាជីវកម្មទាក់ទងនិងផលិតផល ឬសេវាកម្មត្រូវផ្តល់ឲ្យអតិថិជន។ ជាសំណួរពិសេសមួយ សម្រាប់អ្នកចេញរកស៊ីត្រូវតែដឹង ព្រោះបើយើងមិនពេញចិត្ត ឬធ្វើតាមគេ ឃើញគេរកស៊ីជោគជ័យ ចេញរកស៊ី ដែរនោះ វាប្រាកដជាបរាជ័យមួយមិនខាន។
លោកស្រីបានបញ្ជាក់ថា បើសហគ្រិនអត់បានស្រឡាញ់ខ្លាំង​នូវមុខរបររបស់ខ្លួនឯងនោះទេ គ្រាន់តែឃើញគេធ្វើទៅចំណេញច្រើន នោះប្រាកដជាបរាជ័យខ្លួនឯងមិនខាន។ ព្រោះវាមិនបានកើតចេញពីខ្លួនឯង ជាកត្តាចិត្តសាស្ត្រ ឆាប់បោះបង់ ឆាប់ចុះចាញ់ ព្រោះសហគ្រិនមិនស្រឡាញ់ មិនបានដាក់ចិត្ត ដាក់បេះដួង ដាក់កាយ ចិត្តធ្វើវាឲ្យអស់ពីដៃជើង នោះយើងឆាប់បោះបង់ ឆាប់រារែក។ ជាពិសេសពេលយើងជួបបញ្ហាអ្វីមួយប្រឈម ដូចជាបញ្ហាផលិតផល បញ្ហាជំនាញ បញ្ហាបច្ចេកទេស ឬបញ្ហាអតិថិជន ព្រោះម្ចាស់អាជីវកម្មត្រូវប្រឈមមុខច្រើន តំាងពីមុនផ្តល់សេវាកម្មរហូតដល់ចប់ យើងងាយបោះបង់ខ្លាំងណាស់។
សហគ្រិនដែលជ្រើសរើសមុខរបរដែលខ្លួនមិនស្រឡាញ់ចេញពីបេះដួង វាជួបបញ្ហាលំបាកដោយស្រាយមិនចេញ ចាប់ផ្តើមបោះបង់ គិតថាខ្លួនមានការនឿយហត់ ពេលខ្លួនខ្លះខ្លាចនឿហត់ ឬជួបបញ្ហា ហើយភាគច្រើនគាត់តែងគិតលើបញ្ហា ច្រើនជាងដំណោះស្រាយ ដែលជាកត្តារុញច្រានគាត់ឲ្យបរាជ័យពាក់កណ្តាលទីតែម្តង។
ជារួមទំាងនេះ គឺជាបទពិសោធន៍របស់បងស្រីផ្ទាល់តែម្តង ដើម្បីឲ្យអាជីវកម្មមួយទទួលបានជោគជ័យ លុះត្រាយើងមានចិត្តស្រឡាញ់ មិនជំនាញច្បាស់លាស់ ហើយខិតខំប្រឹងប្រែងធ្វើវាឲ្យអស់ពីទឹកចិត្ត និងបេះដួងរបស់យើង ទើបធ្វើឲ្យអាជីវកម្មនេះទទួលបានជោគជ័យ៕
«អាជីវកម្មជោគជ័យ សហគ្រិនត្រូវធ្វើចេញពីទឹកចិត្ត និងបេះដួងខ្លួនឯង»
 «អ្នកបរាជ័យលើអាជីវកម្ម ភាគច្រើនតែងគិតបរាជ័យ ច្រើនជាងដំណោះស្រាយ»
សូមរងចាំអាននូវគំនិតរកស៊ីជោគជ័យថ្មីៗរបស់លោកស្រីផ្ទាល់នៅពេលឆាប់ៗនេះ  

Post Top Ad