នៅពេលគិតពីការចាប់ផ្ដើមធ្វើអាជីវកម្មភ្លាម អ្នកណាៗក៏ដោយគឺតែងតែគិតគូរពីបញ្ហាទុនមុនគេ អ្នកខ្លះថាចាប់ផ្ដើមមិនបានព្រោះគ្មានទុនឬមានតិចពេក។ ធាតុពិត វាមិនមែនដូចដែលអ្នកគិតនោះទេ ប្រសិនបើអ្នកចង់ធ្វើអាជីវកម្មយ៉ាងពិតប្រាកដមែន អ្នកប្រាកដជារកមធ្យោបាយ ពោលមានប្រភេទអាជីវកម្មមួយចំនួនដែលអ្នកចាប់ផ្ដើមបានប្រសិនបើអ្នកមិនមានទុនច្រើន៖
១–អាជីវកម្មដែលទាក់ទងជាមួយនឹងទេព្យកោសល្យអ្នក៖ អ្នកគួរយកពេលវេលាសង្កេតមើលខ្លួនឯងថាមានទេពកោសល្យផ្នែកអ្វីខ្លះ ព្រោះថាប្រសិនបើអ្នកមិនយកវាមកប្រើប្រាស់ហើយទាញយកផលចំណេញចេញពីវាទេនោះ មានទេពកោសល្យក៏អាចចាត់ទុកថាជាគ្មានបានដែរ។ បើអ្នកពូកែគូររូប ឬច្នៃប្រឌិត ហេតុអ្វីបានជាអ្នកមិនព្រមគិតគូរធ្វើអ្វីម្យ៉ាងពីវា ហើយដាក់លក់តាមអនឡាញ ឬវិធីនានាទៅ? នេះក៏ជាការចាប់ផ្ដើមដ៏ល្អម្យ៉ាងដែរ។
២–អាជីវកម្មទាក់ទងនឹងជំនាញ៖ តើអ្នកពូកែអ្វីជាងគេ? ធ្វើម្ហូប សំអាតផ្ទះ ជួសជុលរបស់ខូតខាតនានា? អ្នកអាចនឹងគិតថាការងារទាំងនោះដូចជាមិនសាកសមនឹងអ្នកនោះទេ តែអ្នកត្រូវយល់ថាអ្នកមិនមែនធ្វើវាអស់មួយជីវិតនោះទេ។ បច្ចុប្បន្ននេះសេវាអាហារថ្ងៃត្រង់ សេវាសម្អាតផ្ទះ ឬសេវាជួសជុលគ្រឿងខូតខាតនានា ពិតជាមានការពេញនិយមមែនទែន ហើយបើអ្នកខំតស៊ូជាងនេះបន្តិចទៀត អ្នកនឹងអាចក្លាយជាថៅកែក៏ថាបាន។
៣–អាជីវកម្មលក្ខណៈគ្រួសារ៖ ធ្វើអ្វីក៏ដោយ ក៏មិនមែនជារឿងងាយស្រួលនោះដែរ សូម្បីតែអាជីវកម្មគ្រួសារ តែវាក៏ជាបទពិសោធន៍ដ៏រីករាយមួយ។ បន្ថែមពីលើនោះទៅទៀត ចង្កឹះតែមួយគេអាចកាច់បាក់ តែចង្កឹះមួយបាច់គេមិនអាចកាច់បាក់ទេ ហេតុនេះមានសមាជិកច្រើនក្នុងការប្រឹក្សាយោបល់រួមទាំងលើកទឹកចិត្តគ្នាទៅវិញទៅមកនៅពេលជួបទុក្ខលំបាកក៏ជារឿងមួយដ៏ប្រពៃផងដែរ។ យ៉ាងណាមិញ អ្នកក៏ត្រូវតែធ្វើការបែងចែកឲ្យដាច់ផងដែរ ទាក់ទងជាមួយនឹងបញ្ហាហិរញ្ញវត្ថុ និងទំនួលខុសត្រូវនានា ទើបមិននាំឲ្យការថ្នាំងថ្នាក់ឬជម្លោះនៅក្នុងគ្រួសារ៕
No comments:
Post a Comment