វាអាចត្រូវបានគេចាត់ទុកថាជាហានិភ័យនៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មក្នុងអាយុវ័យក្មេងពេក។ យ៉ាងណាមិញ វាក៏ជារឿងវិជ្ជមានមួយដែរ ដែលអ្នកតាំងចិត្តក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅវ័យនេះ។ តែអ្នកក៏គួរតែត្រៀមខ្លួនឲ្យបានល្អ ព្រមទាំងដឹងនូវចំណុចខាងក្រោមនេះដូចជា៖

១) ត្រូវតែស៊ូទ្រាំគ្រប់ឧបសគ្គទាំងអស់៖ ភាពវៃឆ្លាតតែម្យ៉ាងនឹងមិនគ្រប់គ្រាន់នោះទេ អ្នកត្រូវតែអត់ធន់រាល់គ្រប់បញ្ហាដែលអ្នកជួបប្រទះ ព្រោះថាអ្នកនឹងជួបបញ្ហាច្រើនរាប់មិនអស់នោះទេ។ បញ្ហាដែលអ្នកនឹងអាចជួបនោះមានដូចជា សម្ពាធគ្រួសារ សម្ពាធសង្គម បញ្ហាក្នុងអាជីវកម្មជាច្រើនទៀត ដែលអាចធ្វើឲ្យអ្នកសម្រេចចិត្តបោះបង់ការចាប់ផ្ដើមរបស់អ្នកចោលបាន។
២) កេរ្តិ៍ឈ្មោះពិតជាសំខាន់ខ្លាំងណាស់៖ សកម្មភាព ឬក៏អត្តចរិតរបស់អ្នកណាមួយអាចធ្វើឲ្យបាត់បង់ឈ្មោះ ដែលនេះអាចផ្ដល់ផលប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុនរបស់អ្នកយ៉ាងខ្លាំង។ ហេតុនេះហើយ អ្នកមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះថាសម្រាប់អាជីវកម្ម កិត្តិនាមរបស់សហគ្រិនពិតជាសំខាន់ខ្លាំងមែនទែន។
៣) ក្លាហានឡើង៖ ទោះបីអ្នកមានបទពិសោធន៍តិចក្ដី ឬអាយុក្មេងខ្ចីក្ដី វាមិនមែនជាបញ្ហាដែលអ្នកត្រូវព្រួយបារម្ភនោះទេ ព្រោះថាអ្នកនៅមានពេលវេលាច្រើនដើម្បីរៀនពីអាជីវកម្ម។ អ្វីដែលសំខាន់នោះគឺអ្នកមិនគួរកំសាកពេកឬហ៊ានពេកនោះទេ តែអ្នកត្រូវក្លាហានឡើង មិនមែនមិនហ៊ានសួរ មិនហ៊ានប្រឈមមុខនឹងបញ្ហា ឬមិនហ៊ានបញ្ចេញមតិយោបល់អ្វីនោះទេ។
៤) កុំស្លោរស្លន់ពេក៖ ធ្វើអ្វីមួយក៏ដោយ អ្នកត្រូវចេះរកពេលវេលាសមគួរ មិនមែនគិតថាចង់ធ្វើអ្វីមួយហើយ ទៅធ្វើតាមចិត្តតែម្ដងនោះទេ ព្រោះវាអាចនាំបញ្ហាមកឲ្យអ្នកបានបើមិនស្គាល់ពេលស្គាល់វេលាបែបនេះ។ អ្នកត្រូវធ្វើការតាំងចិត្ត ឬអំណត់ទាល់តែដល់កាលៈទេសៈណាមួយល្អ ទើបប្រែវាឲ្យក្លាយទៅជាឱកាសសម្រាប់អាជីវកម្មរបស់អ្នក។
៥) បើដួល ត្រូវក្រោកឈរឡើងវិញ៖ មិនប្រាកដនោះទេ ទោះបីជាអ្នកខំប្រឹងប្រែងឬត្រៀមខ្លួនបានល្អកម្រិតណាក៏ដោយ ក៏វានៅតែអាចមានការភ្លាំងភ្លាត់ដែរ។ ដូចនេះអ្នកត្រូវតែរឹងមាំប្រសិនបើជួបនូវភាពបរាជ័យ មិនថាតូចក្ដីធំក្ដី ត្រូវចេះក្រោកឈរឡើងវិញ ដោយទំនួលខុសត្រូវផងដែរ ហើយទុកវាជាមេរៀនជីវិតទៅ៕
No comments:
Post a Comment