សហគ្រិនដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក គឺលោក Steve Jobs បានលាចាកលោក កាលពីឆ្នាំ ២០១១។ នៅឆ្នាំនោះដែរ ជាឆ្នាំដែលក្រុមហ៊ុន របស់លោកគឺ Apple បានក្លាយជាកំពូលក្រុមហ៊ុន ក្នុងលោក ជាក្រុមហ៊ុនដែលយីហោល្អបំផុត និងមានតម្លៃថ្លៃជាងគេបំផុតក្នុងលោក។ អ្វីដែលគួរឲ្យសរសើរបំផុតនោះគឺ សេដ្ឋីម្នាក់នេះ ធ្លាប់បានលក់ទ្បានផ្ទាល់ខ្លួន ដើម្បីចាប់ផ្តើមរកសីុ។
ទ្បានដែលគាត់បានលក់នោះ គឺទ្បាន១២កៅអី VW ដែលលោកលក់បានតែ ៧៥០ដុល្លារប៉ុណ្ណោះ។ រីឯដៃគូគាត់ម្នាក់ទៀតគឺលោក Steve Wozniak បានលក់ម៉ាសីុគិតលេខ HP 65 ក្នុងតម្លៃ ៥០០ដុល្លារតែប៉ុណ្ណោះ។ សរុបទៅ ស្ថាបនិក ក្រុមហ៊ុន Apple Computer ទាំងពីរនាក់នេះ មានដើមទុនតែ ១២៥០ ដុល្លារ ពេលបើកក្រុមហ៊ុន Apple ដំបូងបំផុត។
នៅកម្ពុជា តើមានមនុស្សប៉ុន្មាននាក់ ដែលសុខចិត្តលក់ទ្បាន ចេញរកសីុ? សម្រាប់សហគ្រិនដូច Steve Jobs គាត់មិនដែលខ្វល់នឹងមុខមាត់ ឬភាពហឺុហាទ្បើយ អ្វីដែលគាត់ខ្វល់គឺក្តីស្រមៃនៃជីវិតរបស់លោក។
គាត់ជាមហាសេដ្ឋី ដែលពាក់តែខោកាបូយ អាវយឺត និង ស្បែកជើងកីទ្បា តែប៉ុណ្ណោះ ពាក់រាល់ថ្ងៃមិនចេះធុញទ្បើយ។ ទោះលោករកលុយបានរាប់ពាន់លានដុល្លារ ក៏សហគ្រិនម្នាក់នេះ មិនខ្ចីខ្វល់ នឹង ការទិញទ្បានទំនើប ទិញផ្ទះធំ បង្ហាញមុខមាត់ដែរ ពោលគឺគាត់រស់នៅដោយសាមញ្ញបំផុត។ ទោះយ៉ាងណា ចុងបញ្ចប់ទៅ គាត់ជាមនុស្សដែលធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរធំបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ៕
No comments:
Post a Comment